តើ AusAlert ជាអ្វី?

AusAlert គឺជាប្រព័ន្ធព្រមានថ្នាក់ជាតិមួយដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីផ្ញើសារគ្រោះអាសន្នទៅកាន់ឧបករណ៍ចល័តនានាដែលត្រូវគ្នាដូចជាទូរសព្ទដៃ ថេប្លេត និងនាឡិកាឆ្លាតវៃ។ 

វាជាមធ្យោបាយមួយដែលលឿន និងអាចទុកចិត្តបាន ដើម្បីជួយឱ្យអ្នកទទួលបានព័ត៌មាន និងត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើងក្នុងអំឡុងពេលមានគ្រោះអាសន្នក្នុងមូលដ្ឋាន និងក្នុងប្រទេស ដូចជា៖

  • ភ្លើងឆេះព្រៃ
  • ទឹកជំនន់
  • ព្យុះស៊ីក្លូន
  • រលកយក្សស៊ូណាមិ
  • ព្យុះ ​ឬ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ
  • គ្រោះអាសន្នសុខភាពសាធារណៈ
  • ការគំរាមកំហែងផ្សេងៗ​ផ្នែកសន្តិសុខ
  • ឧប្បត្តិហេតុសុវត្ថិភាពជីវសាស្រ្ត។

ប្រសិនបើអ្នករស់នៅក្នុងប្រទេសអូស្ត្រាលី ឬអ្នកកំពុងមកលេងពីប្រទេសមួយផ្សេងទៀត អ្នកអាចនឹងទទួលបាន AusAlert ប្រសិនបើមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយនៅក្នុងតំបន់ដែលអ្នកស្ថិតនៅ។ 

ឧបករណ៍ចល័តដែលត្រូវគ្នា​​អាច​ទទួល​បាន​ AusAlerts ទោះបីជាគ្មាន​ស៊ីមកាតអូស្ត្រាលី ឬ eSIM ក៏ដោយ។

ឧបករណ៍ចល័តដែលត្រូវគ្នារួម​មាន iPhones 11 និងកំណែខ្ពស់ជាងនេះ ដែលដំណើរការដោយ iOS 26.4 ឬកំណែថ្មីជាងនេះ និងទូរសព្ទ ហើយនិងថេប្លេត ដែលដំណើរការដោយ Android 12 ឬកំណែថ្មីជាងនេះ។

អ្នកអាចទុកចិត្ត​លើ AusAlert បាន

AusAlert ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអូស្ត្រាលី ហើយមានសុវត្ថិភាព និងគ្មាន​គ្រោះ​ថ្នាក់។

AusAlert:

  • នឹងមិនស្នើសុំព័ត៌មានលម្អិតផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុរបស់អ្នក
  • មិនស្គាល់ ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
  • មិនស្គាល់ ឬរក្សាទុកលេខទូរសព្ទរបស់អ្នក
  • មិនតាមដានទីតាំងរបស់អ្នក
  • មិនតម្រូវឱ្យអ្នកចុះឈ្មោះដើម្បីបើកចូលទេ។

ការទទួលបាន AusAlert

សារ AusAlert នឹងផ្ញើមកអ្នកជាភាសាអង់គ្លេស។ ប្រសិនបើអ្នកមកលេងប្រទេសអូស្ត្រាលីពីប្រទេសមួយផ្សេងទៀត ឬប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាដំបូងរបស់អ្នកទេ វាអាចមាន​ការ​លំបាកក្នុងការអាន និងយល់ AusAlert។

Mock-up of a phone with message: Critical AusAlert. An Emergency Warning message has been issued for the Gumtree Crossing bushfire. Leave now if you receive this message. Visit the AusAlert website for more information.

AusAlert ស្តាប់ទៅមានលក្ខណៈដូចនេះ។

0.00 0.00

អាស្រ័យលើឧបករណ៍ចល័តរបស់អ្នក អ្នកប្រហែលជាអាចបកប្រែសារ AusAlert ទៅជាភាសារបស់អ្នកដោយ៖

  1. ចុចលើ Alert

  2. ចម្លងអត្ថបទ

  3. ទម្លាក់វាទៅក្នុងកម្មវិធី ឬគេហទំព័រដែលបកប្រែដោយស្វ័យប្រវត្តិ ទៅជាភាសាដែលអ្នកបានជ្រើសរើស។

AusAlerts មានព័ត៌មានគ្រោះ​អាសន្នបន្ទាន់សំខាន់ៗ។ 

វានឹងដាក់បញ្ចូល៖

  • ប្រភេទនៃគ្រោះ​អាសន្ន
  • តើវាកើតឡើងនៅឯណា
  • តើវាមានសភាពធ្ងន់ធ្ងរប៉ុណ្ណាដែរ
  • តើវាត្រូវការការឆ្លើយតបអ្វីខ្លះ
  • កន្លែងដែលអាចរកបានព័ត៌មានបន្ថែម។

ប្រសិនបើអ្នកទទួលបាន AusAlert អ្នកគួរតែអាន និងធ្វើតាមការណែនាំ ដើម្បីរក្សាសុវត្ថិភាពខ្លួនអ្នក និងអ្នកដទៃ។ 

AusAlerts មានពីរប្រភេទ។

ការជូនដំណឹងគ្រោះ​អាសន្ន​ធ្ងន់​ធ្ងរ​បំផុត៖

  • ត្រូវបានប្រើក្នុងគ្រាអាសន្នធ្ងន់​ធ្ងរ​បំផុត។
  • ធ្វើឱ្យឧបករណ៍ចល័តរបស់អ្នកញ័រ និងបន្លឺ​សំឡេងខ្លាំងដូចស៊ីរ៉ែនប្រហែល 10 វិនាទី
  • ត្រូវបានបញ្ជូន ទោះបីជាឧបករណ៍របស់អ្នកបើកដំណើរការដោយ ‘silent’ ['ស្ងាត់'] ឬ ‘do not disturb’ ['កុំរំខាន'] ក៏ដោយ
  • មិនអាចបិទនៅក្នុងការកំណត់ឧបករណ៍ចល័តរបស់អ្នក។   

ការជូនដំណឹងជាអាទិភាព៖

  • ត្រូវ​បាន​ប្រើ​សម្រាប់​គ្រោះ​​អាសន្ន​ដែល​ការ​គំរាម​កំហែងមាន​កម្រិត​កើន​ឡើងពី​ព្រោះតែ​ស្ថានការណ៍​​កំពុង​ផ្លាស់​ប្តូរ
  • អាចធ្វើឱ្យឧបករណ៍ចល័តរបស់អ្នកញ័រ និងបន្លឺសំឡេងខ្លាំងដូចស៊ីរ៉ែនប្រហែល 10 វិនាទី ប៉ុន្តែវាអាស្រ័យលើការកំណត់មុខងារ​ឧបករណ៍របស់អ្នក
  • មិនត្រូវបានបញ្ជូនមកទេ ប្រសិនបើឧបករណ៍របស់អ្នកបើកដំណើរការដោយ ‘silent’ ['ស្ងាត់'] ឬ ‘do not disturb’ ['កុំរំខាន'] 
  • អាចត្រូវបានបិទនៅក្នុងការកំណត់មុខងារ​ឧបករណ៍ចល័តរបស់អ្នក។

ការបើកបរ និងការជិះ

ប្រសិនបើអ្នកទទួលបាន AusAlert ខណៈពេលកំពុងបើកបរ ឬជិះ សូមរក្សាភាពស្ងប់ស្ងាត់ ហើយកុំលើកទូរសព្ទរបស់អ្នក ពីព្រោះការ​ធ្វើ​ដូច្នេះខុសច្បាប់។ សំឡេងជូនដំណឹងនឹងឈប់បន្ទាប់ពីបន្លឺសំឡេង​ប្រហែល 10 វិនាទី។ នៅពេលដែលអ្នកអាចធ្វើទៅបាន សូមស្វែងរកកន្លែងមាន​សុវត្ថិភាព និងស្របច្បាប់ដើម្បីឈប់ និងអានសារនោះ។

ជំនួយ​ក្នុង​ការ​អាន AusAlert

ប្រសិនបើអ្នកត្រូវការជំនួយដើម្បីយល់ពីសារ AusAlert៖

  • ស្នើសុំសមាជិកគ្រួសារ មិត្តភ័ក្តិ ឬនរណាម្នាក់ដែលអាចយល់ភាសាអង់គ្លេសដើម្បីអានជូនអ្នក
  • មើលបណ្តាញទំនាក់ទំនងគ្រោះ​អាសន្នផ្សេងទៀត ដូចជាទូរទស្សន៍ក្នុងតំបន់ ឬក្នុងប្រទេស ឬវិទ្យុ កម្មវិធីផ្សេងៗ (apps) ឬគេហទំព័រនានា
  • ចូលទៅកាន់ ausalert.gov.au/current-alerts ដើម្បីស្វែងរកការ​ជូន​ដំណឹង ហើយបកប្រែវាជាភាសាដែលអ្នកពេញចិត្ត ដោយប្រើកម្មវិធី (app) ឬគេហទំព័រ។ 

ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស ធនធាននានានៅលើទំព័រនេះ និងផ្នែកភាសានៃគេហទំព័រអាចជួយបាន។